អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ("យើងខ្ញុំ" ឬ "របស់យើង") បានអភិវឌ្ឍថ្នាល Cambodia E-Invoicing System ជាប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក ដែលអាចអនុញ្ញាតឱ្យសហគ្រាស/ក្រុមហ៊ុន/អាជីវកម្ម ("លោកអ្នក" ឬ "របស់អ្នក") បង្កើត ផ្ញើ និងទទួលវិក្កយបត្រតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីបង្កើនប្រសិទ្ធភាពនៃរំហូរការងារហិរញ្ញវត្ថុ។ យើងខ្ញុំដាក់ដំណើរការគេហទំព័រនេះ (https://e-invoice.gov.kh) ដើម្បីផ្តល់ព័ត៌មាន និងសេវាកម្មរបស់យើងខ្ញុំ ដែលក្នុងនោះយើងខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើឯកជនភាពរបស់លោកអ្នក និងប្តេជ្ញាផ្តល់បទពិសោធន៍លើគេហទំព័រនេះប្រកបដោយសុវត្ថិភាព។ យើងខ្ញុំជឿជាក់លើតម្លាភាពនៃការអនុវត្តការងាររបស់យើងខ្ញុំ ដែលជាមូលហេតុជំរុញឱ្យយើងខ្ញុំផ្តល់ជូននូវគោលការណ៍ឯកជនភាព ដើម្បីពន្យល់ពីរបៀបដែលយើងប្រមូល ប្រើប្រាស់ និងបង្ហាញទិន្នន័យរបស់លោកអ្នក។ គោលការណ៍ដែលបានធ្វើបច្ចុប្បន្នភាពនេះនឹងផ្តល់នូវការគ្រប់គ្រងលើទិន្នន័យរបស់ លោកអ្នកកាន់តែល្អប្រសើរ និងយល់ដឹងកាន់តែច្បាស់អំពីរបៀបដែលយើងខ្ញុំប្រើទិន្នន័យទាំងនោះ។
យើងខ្ញុំប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដោយផ្អែកលើមូលដ្ឋានច្បាប់រួមមាន៖ (i) ការប្រើប្រាស់ទិន្នន័យគឺចាំបាច់សម្រាប់ការអនុវត្តកិច្ចសន្យាដែលមានការពាក់ព័ន្ធទៅនឹងទិន្នន័យទាំងនោះ (ii) ការប្រើប្រាស់ទិន្នន័យគឺចាំបាច់សម្រាប់អនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់ដែលអ្នកគ្រប់គ្រងទិន្នន័យត្រូវអនុវត្ត និង (iii) ការប្រើប្រាស់ទិន្នន័យគឺចាំបាច់សម្រាប់ផលប្រយោជន៍ស្របច្បាប់របស់អ្នកគ្រប់គ្រងទិន្នន័យ លុះត្រាតែផលប្រយោជន៍ទាំងនោះមិនបំពានលើផលប្រយោជន៍ ឬសិទ្ធិនៃម្ចាស់ទិន្នន័យ។ ដើម្បីឱ្យកាន់តែច្បាស់លាស់គោលបំណងចម្បងរបស់យើងខ្ញុំគឺធ្វើការជូនជាដំណឹងដល់លោកអ្នកអំពីបញ្ហាប្រឈមណាមួយ (រួមទាំង ប៉ុន្តែមិនកំណត់ចំពោះ ឧបត្តិហេតុពាក់ព័ន្ធនឹងសុវត្ថិភាពណាមួយ)។
ការរក្សាទុកទិន្នន័យដែលបានប្រមូលមានសុពលភាពស្របតាមភាពចាំបាច់ក្នុងការផ្ដល់ជូននូវតម្រូវការសេវាកម្មដល់លោកអ្នក ឬអនុលោមតាមលក្ខន្ដិកៈនៃច្បាប់។ រាល់ទិន្នន័យដែលយើងខ្ញុំរក្សាទុកនឹងត្រូវបានការពារស្របទៅតាមលក្ខន្ដិកៈច្បាប់ ដើម្បីទប់ស្កាត់នូវហានិភ័យពីការបាត់បង់ និងការលួចយកទិន្នន័យ ក៏ដូចជាការចូលប្រើដោយពុំមានការអនុញ្ញាត ការលាតត្រដាង ការចម្លង ការប្រើប្រាស់ ឬការកែប្រែទិន្នន័យជាដើម។
ក្នុងករណី ដែលយើងខ្ញុំត្រូវចែករំលែកទិន្នន័យរបស់លោកអ្នកជាមួយភាគីទីបី ដែលអនុញ្ញាតដោយច្បាប់ជាធរមាន ភាគីទីបីទាំងនោះអាចជាក្រុមហ៊ុនដៃគូរ ឫក្រុមហ៊ុនផ្កត់ផ្គងសេវា។
ការបន្តប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នឹងត្រូវបានចាត់ទុកជាការទទួលស្គាល់ពីលោកអ្នកចំពោះរាល់ប្រតិបត្តិការរបស់យើងខ្ញុំដែលគោរពតាមគោលការណ៍ឯកជនភាព និងគោលការណ៍ទិន្នន័យផ្ទាល់ខ្លួន។ ប្រសិនបើលោកអ្នកមានចម្ងល់ទាក់ទងនឹងប្រតិបត្តិការលើទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ សូមទាក់ទងមកកាន់ខាងយើងខ្ញុំ។
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.) គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ជាតិ ដែលប្រើប្រាស់សម្រាប់ដំណើរការបញ្ជូន ទទួល និងបញ្ជាក់វិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិក រវាងអ្នកលក់ និងអ្នកទិញ ដោយមិនតម្រូវឱ្យបោះពុម្ពចេញជាវិក្កយបត្រក្រដាសឡើយ។
ដំណើរការដោយ
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល
Copyright © 2025 រក្សារសិទ្ធគ្រប់យ៉ាងដោយ CamInv System